អាហារ​ធ្វើ​ពី​​សណ្ដែក​សៀង​ អាច​ទប់ស្កាត់​ការ​ប្រេះស្រាំ​​ឆ្អឹង​ត្រគាក ​ចំពោះ​ស្ត្រី​វ័យ​ចំណាស់

From: http://www.women.open.org.kh/km/foodfromsoybeen-makebonestrong

ការ​សិក្សា​​មួយ​របស់​សិង្ហបុរី​បាន​ឲ្យ​​ជា​យោបល់​ថា​ ស្ត្រី​អស់​រដូវ​អាច​នឹង​​កាត់បន្ថយ​ឱកាស​នៃ​​ការ​ប្រេះស្រាំ​ឆ្អឹង​ត្រគាក​ ឲ្យ​កាន់​​តែ​តិច​ជាង​មុន​ ដោយ​​គ្រាន់​តែ​បន្ថែម​អាហារ​ផ្សេងៗ​ដែល​ធ្វើ​ពី​សណ្ដែក​សៀង​ទៅ​លើ​អាហារ​ ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។

បណ្ឌិត ​វ៉ុន​ ពួយកូ​ (Woon Puay Koh) នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​ និង​សហការី​បាន​រក​ឃើញ​​ថា​ ស្ត្រី​ដែល​ចូល​រួម​ក្នុង​​ការ​ស្រាវជ្រាវ​មាន​អត្រា​ពី​​២១​ ទៅ​៣៦​ភាគរយ​ ​តិច​ជាង​មុន​ក្នុង​ការ​ប្រេះស្រាំ​ឆ្អឹង​ត្រគាក​របស់​ពួក​គេ​ នៅ​ពេល​ដែល​គេ​រាយការណ៍​ថា​ បាន​ហូប​អាហារ​ធ្វើ​ពី​សណ្ដែក​សៀង​នៅ​ក្នុង​កម្រិត​មធ្យម។

នៅ​ក្នុង​​ការ​សិក្សា​របស់​ពួក​គេ​នោះ​ ការ​ហូប​អាហារ​សណ្ដែកសៀង​ជា​រៀងរាល់​ថ្ងៃ​ក្នុង​កម្រិត​មធ្យម ​គឺ​យ៉ាង​ហោច​ណាស់​ ត្រូវ​មាន​​ប្រូតេអ៊ីន​សណ្ដែក​សៀង​ ២,៧​​ក្រាម​​សារជាតិ​ Isoflavones ពី​សណ្ដែក​សៀង​ចំនួន​​៥,៨​ក្នុង​កម្រិត​កាឡូរី​ ១.០០០​ ឬ​ស្មើ​នឹង​តៅហ៊ូ​ចំនួន​ ៤៩,៤​ក្រាម។

បណ្ឌិត វ៉ុន​​ ពួយកូ​ បាន​ប្រាប់​ Reuters Health​ តាម​អ៊ីម៉ែល​ថា​ សណ្ដែក​សៀង​កម្រិត​នេះ​គឺ​ជា​ធម្មតា​ខ្ពស់​​ជាង​​កម្រិត​ទាប​នៃ​ការ​​បរិភោគ ​របស់​ប្រជាជន​ដែល​រស់នៅ​លោក​ខាង​លិច។

នៅ​ក្នុង​ការ​ស្រាវជ្រាវ​នេះ​ក្រុម​របស់​លោក​ កូ​ បាន​ពិនិត្យ​​វាយ​តម្លៃ​លើ​ការ​បរិភោគ​ប្រភេទ​អាហារ​ធ្វើ​​ពី​សណ្ដែក​សៀង​ របស់​ប្រជាជន​ចិន​ទាំង​ប្រុស​ទាំង​​ស្រី​ជាង​ ៦៣.០០០​នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី​៤៥​ឆ្នាំ ​ដល់​៧៤​ឆ្នាំ​ ក្នុង​អំឡុង​ឆ្នាំ​១៩៩៣​ ដល់​១៩៩៨​ ដែល​ពេល​នោះ​ គឺ​ពួក​គេ​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​ការ​សិក្សា​សុខភាព​ចិន​សិង្ហបុរី។

បន្ទាប់​ពី​​គេ​តាម​ដាន​រហូត​មក​ដល់​ឆ្នាំ​២០០៦​ ​បាន​គេ​​រក​ឃើញ​ថា​ បុរស​ចំនួន​២៧៦​នាក់​ និង​ស្ត្រី​ចំនួន​៦៩២​នាក់ មាន​បញ្ហា​ប្រេះស្រាំ​ឆ្អឹង​ត្រគាក។ ចំពោះ​បុរស​គឺ​ពួក​គេ​​មាន​អាយុ​ ៧១​ ឆ្នាំ​ជា​មធ្យម​ និង​​ស្ត្រី​វិញ​មាន​អាយុ​៧៣​ឆ្នាំ​ជា​មធ្យម​ នៅ​ពេល​​ដែល​​ពួក​គេ​កើត​មាន​បញ្ហា​ប្រេះស្រាំ​ឆ្អឹង​ត្រគាក​នោះ។ អ្នក​ស្រាវជ្រាវ​បាន​រាយការណ៍​ការ​រក​ឃើញ​ការ​រក​ឃើញ​របស់​ពួក​គេ​នៅ​ក្នុង​ ព្រឹត្តិបត្រ​ American Journal of Epidemiology។

ដូច​បាន​រៀបរាប់​​ខាង​លើ​ ​ការ​បរិភោគ​អាហារ​ធ្វើ​ពី​សណ្ដែក​សៀង​ក្នុង​កម្រិត​មធ្យម​មាន​ទំនាក់ទំនង​ ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​​ធ្វើ​ឲ្យ​ប្រេះស្រាំ​ឆ្អឹង​ត្រគាក​របស់​ ស្ត្រី​ ប៉ុន្តែ​ការ​បរិភោគ​អាហារ​សណ្ដែក​សៀង​មិន​បាន​​ជួយ​កាត់បន្ថយ​ការ​ ប្រេះស្រាំ​ឆ្អឹង​ត្រគាក​របស់​បុរស​ឡើយ។

ការ​រក​ឃើញ​នា​ពេល​នេះ​វា​ស្រប​គ្នា​​​នឹង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​លើ​ ស្ត្រី​អស់​រដូវ​​ដែល​គេ​ធ្វើ​​ការ​សិក្សា​កាល​ពី​ពេល​កន្លង​ទៅ​​​លើ​ស្ត្រី ​ចិន​នៅ​ក្នុង​ទី​ក្រុង​ស៊ាងហៃ​ ដែល​បង្ហាញ​ថា​ ស្ត្រី​ដែល​បរិភោគ​សណ្ដែក​​​សៀង​ក្នុង​បរិមាណ​ច្រើន​មាន​ការ​ធ្លាក់​ចុះ​ អត្រា​គ្រោះថ្នាក់​​នៃ​​ការ​​ប្រេះស្រាំ​ឆ្អឹងត្រគាក​បាន​ដល់​ទៅ​៣០​ភាគរយ។

បណ្ឌិត វ៉ុន​ ពួយកូ​ និង​សហការី​បាន​សន្និដ្ឋាន​ថា​ ប្រសិទ្ធភាព​ការពារ​ឆ្អឹង​របស់​សារជាតិ​ Isoflavones ប្រហែល​ជា​ដើរ​តួ​យ៉ាង​សំខាន់​ចំពោះ​សុខភាព​ឆ្អឹង​របស់​ស្ត្រី​អស់​រដូវ៕

Related Posts