តើយើងអាចនឹងក្លាយទៅជាឪពុកម្តាយដែលមានតែភាពរីករាយបានទេ? នេះជាសំណួរដែលខ្ញុំចោទសួរមកខ្លួនឯងក្នុងសប្តាហ៍នេះ។ ចុះអ្នកវិញតើអ្នកអាចចាត់ទុកថាខ្លួនអាចធ្វើចិត្តអោយរីករាយជានិច្ចដោយមិនសូវខ្វាយខ្វល់អំពីកូនបានទេ? ខ្ញុំសួរដូច្នេះព្រោះថាបើយើងសំលឹងមើលជុំវិញខ្លួននោះ តើយើងអាចរឃើញអំពីក្រុមគ្រួសារណាមួយដែលមើលទៅមានតែសុភមង្គលដូចនៅក្នុងទស្សនាវដ្តីនោះ? ជាការពិតណាស់អ្នកប្រាកដជាឃើញតែកែវភ្នែកដែលបង្ហាញនូវភាពនឿយហត់ ព្រួយបារម្ភ យកចិត្តទុកដាក់ របស់អ្នកម្តាយនៅពេលដែលគាត់សំលឹងទៅកូនរបស់ខ្លួន។ ទាំងនេះធ្វើអោយខ្ញុំគិតថា “តើមកពីអ្វី? តើអ្វីទៅជាមូលហេតុចំបងដែលបង្ខាំងភាពរីករាយរបស់យើងនិងកូន?”
ខាងក្រោមនេះជាមូលហេតុដែលខ្ញុំគិតឃើញ៖
១. ការព្រួយបារម្ភ
ឪពុកម្តាយភាគច្រើនបង្កើតដោយខ្លួនឯងនូវការរវិនិច្ឆ័យយ៉ាងល្អិតល្អន់និងវែងឆ្ងាយអំពីទង្វើរបស់កូន ឧទាហរណ៍ដូចជាខ្ញុំធ្លាប់ធ្វើការជាមួយគ្រួសារមួយចំនួន ពួកគាត់ជឿជាក់ថាកាលណាបន្ទប់ដេករបស់កូនគ្មានសណ្តាប់ធ្នាប់ នោះនឹងធ្វើអោយកូនរបស់គាត់នឹងគ្មាជួបតែភាពបរាជ័យ ឬការដែលកូនរបស់ពួកគាត់មិនចេះរៀបចំអោយមានសណ្តាប់ធ្នាប់ដោយខ្លួនឯងនោះមានន័យថា ពួកគេនឹងធ្លាក់ក្នុងរណ្តៅនៃភាពអស់សង្ឃឹម។ ហើយមានឪពុកម្តាយខ្លះដល់ថ្នាក់គិតពីសំដីរបស់កូនដែលវានិយាយមកដោយមិនបានគិតថា កូននោះនឹងក្លាយទៅជាអ្នកញៀនថ្នាំមិនខាន។ យើងចេះតែវិនិច្ឆ័យអំពីនេះអំពីនោះដែលទាក់ទងនឹងកូនរបស់ខ្លួន និងចេះតែនឹកគិតឃើញទៅដល់អនាគតរបស់ពួកគេទៅតាមទង្វើរបស់ពួកគេ។ តាមពិតយើងមិនអាចសរុបសេចក្តីបែបណាមួយចំពោះទង្វើរបស់កូន ឬចំពោះទង្វើរបស់ខ្លួន ឬទង្វើរបស់អ្នកណាម្នាក់ ដែលបានកើតឡើងឡើយ។ នៅពេលខ្លះការប្រព្រឹត្តនោះគឺដោយគ្មានចេតនារឺក៏ចប់តែត្រឹមប៉ុណ្ណឹងឯង!! ប្រសិនបើអ្នកគិតថាខ្លួនអ្នកមានការព្រួយបារម្ភ សូមអ្នកងនុវត្តតាមវិធីសាស្ត្រងាយមួយដូចខាងក្រោម។
យកក្រដាសមួយសន្លឹកមកហែកជា២។ មួយចំហៀងសរសេរពីរឿងរ៉ាវដែលកើតមានពិត។ ឧទាហរណ៍៖ កូនខ្ញុំវាស្រែកដាក់ខ្ញុំកាលពីព្រឹកមិញ។ បន្ទាប់មកសរសេរពីអារម្មណ៍របស់អ្នកនៅលើក្រដាសមួយចំហៀងទៀត។ សរសេរពីអ្វីដែលអ្នកគិតឃើញទៅដល់ថ្ងៃអនាគតអំពីទង្វើបែបនេះ។ បន្ទាប់មកដោះស្រាយនូវអ្វីដែលកំពុងកើតមាននៅចំពោះមុខ។ ធ្វើបែបនេះអ្នកអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបាន។
បន្ទាប់មកពិចារណាឡើងវិញអំពីអារម្មណ៍របស់ខ្លួនទាំងប៉ុន្មានដែលបានកើតឡើងនៅក្នុងហេតុការណ៍នោះ និងគិតអំពីអ្វីដែលអ្នកបានប្រឌិតឡើង…តើអ្នកបានប្រឌិតចេញជាអ្វីខ្លះ? តើវាជាការពិតដែរឬទេ? អ្វីដែលអ្នកនឹងដឹងមុនអំពីអ្វីដែលកូនអ្នកនឹងប្រព្រឹត្ត តើវាពិតជាកើតឡើងមែនឬអត់? តើអ្នកនឹងត្រៀមដោះស្រាយយ៉ាងណាប្រសិនបើវាកើតឡើងមែន? តើអ្នកនិងកូនអ្នកអាចទទួលយកបានទេ? សូមអ្នកពិនិត្យពីរឿងរ៉ាវនេះឡើងវិញដោយហ្មត់ចត់និងមិនលំអៀង។ ព្យាយាមយល់អំពីការយល់ឃើញរបស់កូនអ្នក នោះអ្នកនឹងដឹងថាហេតុអ្វីបានជាកូនអ្នកធ្វើដូច្នោះ។
២. ព្យាយាមផ្លាស់ប្តូរនិស្ស័យក្មេង
មាតាបិតាភាគច្រើនមិនសូវសប្បាយចិត្តព្រោះពួកគាត់ព្យាយាមចំណាយពេលវេលាដ៏ច្រើនរបស់ពួកគាត់ដើម្បីធ្វើការផ្លាស់ប្តូរនិស្ស័យពីកំណើតរបស់កូនខ្លួនទៅតាមចំណង់ចំនូលចិត្តរបស់ខ្លួន ហើយអ្នកគិតទៅមើហ៍ ចុះបើកូននោះមិនព្រមធ្វើតាមតើនឹងមានអ្វីកើតឡើង? ប្រាកដជាធ្វើអោយពួកគាត់មានការខកចិត្តនិងអស់សង្ឃឹមយ៉ាងខ្លាំងជាមិនខាន។ តាមពិតមានតែបុគ្គលតែម្នាក់គត់ដែលអ្នកព្យាយាមកែប្រែទៅបានសំរេចដូចដំណង នោះគឺខ្លួនអ្នកផ្ទាល់។ កាលណាអ្នកជំនះចង់កែប្រែអ្នកដទៃក្រៅពីខ្លួនឯង នោះលទ្ធផលគឺមានតែការខកចិត្តតែប៉ុណ្ណោះ។ ជំនួសអោយសំនួរដែលសួរថា “តើខ្ញុំនឹងត្រូវធ្វើដូចម្តេចដើម្បីអោយកូនខ្ញុំធ្វើតាមអ្វីដែលខ្ញុំប្រាប់” ខ្ញុំសួរខ្លួនឯងវិញថា “តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីទប់អារម្មណ៍នៅពេលដែលកូនមិនព្រមធ្វើតាម?” នៅទីបំផុតនៅពេលដែលអ្នកគិតឃើញអំពីវិធីគ្រប់គ្រងអារម្មណ៍និងប្រតិកម្មចំពោះទង្វើរបស់កូនអ្នក នោះអ្នកនឹងមានតែចិត្តត្រជាក់ជានិច្ច ដែលធ្វើអោយអ្នកស្គាល់តែភាពរីករាយ។
សរសេរដាក់ក្នុងតារាងតាមលំដាប់ អំពីមូលហេតុធំៗ៣ នៅក្នុងផ្ទះរបស់អ្នកដែលតែងតែបង្កជាបញ្ហា។ អ្នកត្រូវមានសច្ចៈ និងសួរខ្លួនឯងថាតើបញ្ហាទាំងនោះបង្កឡើងដោយសារតែអ្នកព្យាយាមពត់កូនរបស់ខ្លួនអោយមកតាមគន្លងរបស់ខ្លួនឫ? តើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកបណ្តោយពួកគេ និងអោយពួកគេមានការទទួលខុសត្រូវច្រើនជាងមុន?
៣. សំលឹងទៅអតីតកាល
មាតាបិតាតែងតែវិនិច្ឆ័យអំពីកាប្រព្រឹត្តរបស់កូននៅពេលងនាគតទៅតាមអ្វីដែលបានកើតឡើងកាលពីអតីតកាល ដែលនោះមានកើតពិតតែក្នុងករណីដ៏តិចតួចក៏ដោយ នោះមិនមែនជាការល្អឡើយ។ អ្វីដែលខ្ញុំចង់ចោទសួរទៅអាណាព្យាបាលគ្រប់រូប គឺថាជាជាងដែលយើងខំទៅពិចារណាអំពីអតីតកាល យើងគួរតែផ្តោតទៅលើការរទទួលខុសត្រូវរបស់ពួកគេទៅអនាគតវិញ។ គួរតែបើផ្លួវអោយគេដើរទៅមុខជាជាងអោយគេសំលឹងមើលមកក្រោយ។ ប្រសិនបើអ្នកមើលទៅឃើញថាកូនរបស់អ្នកគេមានភាពជឿជាក់ មានការស្មោះត្រង់ ទាំងនោះហើយជាអ្វីដែលអ្នកចង់បាន។ ប្រសិនបើអ្នកសំលឹងទៅឃើញថាពួកគេនៅខ្វះចន្លោះ នោះអ្នកព្យាយាមអប់រំបន្ថែមទៀតទៅ!
៤. គំនិតដែលគិតថាកូនគេល្អជាង (Thinking the grass is greener)
ផ្នត់គំនិតប្រកួតប្រជែង មានអំនួតដាក់គ្នារវាងមាតាបិតា អំពីកូនរបស់ខ្លួនគឺពិតជាមិនធម្មតាឡើយ។ នោះមិនមែនជាការប្រណាំងឡានឡើយ! គ្មានទីផ្តាច់ព្រ័ត្រសំរាប់យកចំណាត់ថ្នាក់ឡើយ ហើយថែមទាំងធ្វើអោយអ្នកមិនសប្បាយចិត្តទៀតផងដោយសារតែអ្នកខំប្រឹងតស៊ូជាបន្ទាប់… (បើមិនឈ្នះនៅពេលនេះក៏នៅមានពេលក្រោយដែរ!) ។
៥.ព្យាយាមដោះស្រាយបញ្ហារបស់កូនតែឯង
មាតាបិតាភាគច្រើនគិតថាពួកគាត់តាំង២នាក់គឺគ្រប់គ្រាន់ហើយក្នុងការដោះស្រាយបញ្ហាទាំងឡាយរវាងពួកគាត់និងកូនដោយមិនចាំបាច់ត្រូវការជំនួយពីអ្នកដទៃឡើយ។ វិធីនេះនឹងធ្វើអោយមាតាបិតាជួបប្រទះភាពស្មុគ្រស្មាញជាច្រើន។ ទំនួលខុសត្រូវក្នុងភាពជាឪពុកម្តាយមិនមែនជាអ្វីដែលត្រូវទទួលយកតែឯកឯងនោះទេ។ ទោះបីជាមាតាបិតានោះទើបតែស្ថិតក្នុងវ័យ៣០ឆ្នាំក៏ដោយ… ការចិញ្ចឹមបីបាច់ថែទាំគឺជាបញ្ហារបស់សហគមន៍ ប៉ុន្តែមានទស្សនៈខ្លះបានលើកឡើងថាប្រសិនបើឪពុកម្តាយប្រកាសរកជំនួយពីសហគមន៍ក្នុងការចិញ្ចឹមបីបាច់ ប្រៀនប្រដៅកូន នោះហាក់ដូចជាបង្ហាញពីភាពទន់ខ្សោយក្នុងនាមជាឪពុកម្តាយគេ។ ការពិតគឺផ្ទុយស្រលះទៅវិញ ភារកិច្ចចិញ្ចឹមបីបាច់ថែទាំនិងអប់រំកូនគឺជាការងារដែលពិបាកមួយដែលទាមទារការស្វែងរកជំនួយ បទពិសោធ អំពីវិធីសាស្ត្រដែលមានប្រសិទ្ធភាព។
៦. ភាពឆេវឆាវ
ខ្ញុំគិតថានេះក៏ជាមូលហេតុមួយដែរ។ ឆាប់ច្រលោត ក្រេវក្រោធចំពោះទង្វើរបស់បុត្រធីតាដោយមិនទាន់បានគិតពិចារណាអោយបានត្រឹមត្រូវ នោះនឹងបង្កអោយចេះតែមានជម្លោះរវាងអ្នកនិងពួកគេដែលជាមនុស្សជាទីស្រលាញ់របស់អ្នក។
ប្រភព៖ Hybrid Mom

Recent Comments Gravatars