ភ្នំពេញ៖ ការសិក្សាមួយបានរកឃើញថា កុមារកម្ពុជាគ្រប់រូបមានបញ្ហាសុខភាពមាត់ធ្មេញដែលធ្វើឲ្យពួកគេ ប្រឈមមុខនឹងជំងឺជាច្រើន ដែលអាចបង្ការបាន បើសិនពួកគេទទួលបានការធ្វើអនាម័យគ្រប់គ្រាន់។
លោកស្រី វេជ្ជបណ្ឌិត ប្រាក់ពិសិដ្ឋរង្សី ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃសៅរ៍ទី៩មករាថា ការសិក្សាកាលពីឆ្នាំ២០០០បានរកឃើញថា កុមារកម្ពុជាគ្រប់រូបខូចធ្មេញចំនួន៨នៅក្នុងចំណោមធ្មេញរបស់ពួក គេ ប៉ុន្តែតួលេខនេះបានថយចុះបន្តិចនៅក្នុងការសិក្សាកាលពីឆ្នាំ ២០០៥ ដោយរកឃើញថា ធ្មេញកុមារខូចបានថយចុះពី៨មកនៅត្រឹមចំនួន៧។
លោកស្រីបានបន្តថា “ចំនួននៃការថយចុះនេះមានភាពប្រសើរច្រើនសម្រាប់កុមាររស់នៅ ក្រុងភ្នំពេញ ប៉ុន្តែនៅទីជនបទនៅតែមានបញ្ហាធ្ងន់ធ្ងរនៅឡើយ”។ លោកស្រីបន្តថា បើធ្មេញកុមារមានបញ្ហានាំឲ្យមានបញ្ហាច្រើនដូចជាកុមារមិនអាចទៅ សាលារៀន ធ្វើឲ្យកុមារពិបាកទទួលទានអាហារ នាំឲ្យមានបញ្ហាកង្វះអាហារូបត្ថម្ភ ធ្វើឲ្យបញ្ហាស្មារតីចុះអន់ខ្សោយជាដើម។
តើកុមារត្រូវសម្អាតមាត់ធ្មេញដោយរបៀបណា លោកស្រីវេជ្ជបណ្ឌិត ប្រាក់ ពិសិដ្ឋរង្សី បានមានប្រសាសន៍ថា កុមារត្រូវដុសធ្មេញមួយថ្ងៃឲ្យបានបីដងក្រោយទទួលទានអាហារពេល ព្រឹកពេលថ្ងៃត្រង់ និងអាហារពេលល្ងាច ឬខ្ពុរមាត់នឹងទឹកហិរដែលអាចកម្ចាត់មេរោគមួយចំនួនបាន។
លោក ប៉ែន សារឿន ប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃដដែលថា ចាប់តាំងពីឆ្នាំសិក្សា២០០៨-២០០៩មកក្រសួងអប់រំដោយមានការ ឧបត្ថម្ភពីក្រុមហ៊ុនខលហ្កេតបានធ្វើយុទ្ធនាការលាងដៃ និងដុសសម្អាតធ្មេញដល់កុមារនៅសាលាបឋមសិក្សាចំនួន៣៥ នៅរាជធានីភ្នំពេញ ហើយឆ្នាំនេះយើងបានធ្វើនៅតាមសាលាបឋមសិក្សាចំនួន៣៥ទៀតមុននឹង បញ្ចប់យុទ្ធនាការនេះនៅគ្រប់សាលាបឋមសិក្សាទាំងអស់ ក្នុងរាជធានីនៅឆ្នាំសិក្សា២០១០-២០១១ខាងមុខនេះ។
លោកបន្តថា ដោយមើលឃើញកុមារនៅកម្ពុជាមិនទាន់យល់ច្បាស់ និងចេះវិធីសម្អាតមាត់ធ្មេញឲ្យបានត្រឹមត្រូវកម្មវិធីសម្អាតមាត់ ធ្មេញ ក៏សូមណែនាំឲ្យកុមារដុសធ្មេញឲ្យបានរយៈពេល២នាទី ក្នុងការសម្អាតធ្មេញម្ដងៗ និងមួយថ្ងៃត្រូវដុសធ្មេញឲ្យបានបីដងជាប់ជាប្រចាំ។
លោកស្រី ប្រាក់ ពិសិដ្ឋរង្សី បានបន្តថា ការធ្វើអនាម័យបឋមងាយៗដូចជាការដុសធ្មេញអាចធ្វើឲ្យកាត់បន្ថយ ជំងឺបេះដូងបាន៥០ភាគរយ ហើយការលាងដៃជាមួយសាប៊ូជាប់ជាប្រចាំក៏អាចកាត់បន្ថយជំងឺរាករូស បានពី៦០ទៅ៧០ភាគរយផងដែរ៕
Recent Comments Gravatars