តើគួរ​បណ្តោយកូន​អោយ​ស្លៀកពាក់​តាម​ទំនើង​ចិត្ត​ឬយ៉ាងណា?

នៅពេល​ដែល​កូន​ប្រុស​ខ្ញុំ​ចូល​ដល់​អាយុ​៣ឆ្នាំ គេ​ចាប់​ផ្តើម​ឈ្លក់​វង្វេង​នឹង​​ពណ៌លឿង​យ៉ាង​ខ្លាំង។ យ៉ាង​ហោច​ណាស់​ក៏​ពេញ​១​ឆ្នាំ​ដែរ ដែលគេ​គូរ​គំនូរ​នឹង​ខ្មៅដៃ​ពណ៌លឿង ផាត់​​គំនូរ​គ្រប់​ប្រភេទ​នឹង​ពណ៌​លឿង…ញ៉ាំ​តែ​គ្រាប់​ស្ករ​ពណ៌លឿង និង​ពាក់​តែ​អាវ​ពណ៌លឿង​ រាល់​ថ្ងៃ! ហើយអាវ​ពណ៌លឿង​នោះទាល់តែ​ដៃ​ខ្លី​ទៀត​ទើបពាក់!!

ពេញមួយ​រដូវ​រងារ​ឆ្នាំ​មុន ដែល​គេទើប​តែ​អាយុបាន៣ឆ្នាំ​​ហើយ​ពាក់​តែ​អាវ​ដៃ​ខ្លី​រត់​លេង​នៅ​ទារកដ្ឋាន។ សំណាង​ល្អ​ដែរ​ដែល​គេ​មិន​ឈឺ…មិន​គ្រុន…! តែ​ទោះជា​យ៉ាង​ណា​ឪពុកម្តាយ​ក្មេងៗ​ដទៃ​ទៀត​ចេះ​តែ​សំលឹង​មក​កូន​ខ្ញុំ…

ខ្ញុំ​ដូច​ជា​ធូរ​ចិត្ត​គួ​រសមដែរ បន្ទាប់ពី​​មក​ពីពិធីជប់លៀង​ខួប​កំណើត​មួយ​ ​គឺ​នៅ​ពេល​ដែល​ម្តាយ​របស់​កូន​ស្រី​ភ្លោះ​២នាក់ បាន​និយាយ​ប្រាប់​ខ្ញុំ​ថា កូន​ស្រី​ម្នាក់​ក្នុង​ចំណោម​កូន​ស្រី​ភ្លោះ​ទាំង​ពី​ររ​បស់​គាត់ពាក់​តែ​ខោអាវ​ដែល​មាន​ពណ៌ផ្កាឈូក ហើយ​ម្នាក់​ទៀត​មិន​ក្រោក​ពី​គេង​ទេ​បើ​មិន​យកខោអាវពណ៌ផ្កាឈូកមក​បង្ហាញ។

ដូច្នេះ​ខ្ញុំ​អាច​សន្និដ្ឋាន​បាន​ថា​មិន​មែន​មាន​តែ​កូន​របស់​ខ្ញុំ​ទេ​ ដែល​បែប​នេះ ក្មេង​ៗ​ផ្សេងទៀត​ក៏​បែប​នេះ​ដែរ​ដល់​អាយុ​នេះ។ ពេល​ខ្លះ​ខ្ញុំ​ចេះ​តែ​យល់​ព្រ​ម​តាម​គេ​ទៅ ទោះ​បី​ជា​អាវ​ដែល​គេ​ពេញចិត្ត​នោះ​ខ្លះរសាត់អំបោះ ខ្លះ​មាន​ស្នាម​ប្រលាក់​ក៏​ដោយ។ Alex ក្រៅពី​ទំលាប់​យ៉ាប់​​មួយ​​នេះ គេ​មាន​ទំលាប់​ល្អផ្សេង​ច្រើន​ដែល​ខ្ញុំ​អាច​និយាយ​បា​​​ន​ថា​គេ​ជា​ក្មេង​ល្អម្នាក់។ តែ​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​ក៏​ហត់​នឹង​ប្រឈម​មុខ​តតាំង​នឹង​គេ​ដែរ​នៅ​ពេល​ស្លៀក​ពាក់​ម្តងៗ។

អ្នកជំនាញក្នុង​ការ​ចិញ្ចឹមបីបាច់រកុមារ​​​និង​មាតាមួយ​ចំនួនបាន​ផ្តល់​ជា​គំនិត​គួរ​អោយ​ពិចារណា​ដែរ។ “ផ្តល់​អត្ថិភាពនិង​លើក​ទឹក​ចិត្ត​ដល់កូន​របស់​អ្នក​ចំពោះគំនិត​ច្នៃ​ប្រឌិត​របស់​គេ។ អ្នក​ជឿ​ចុះ​ថា​កូន​របស់​អ្នក​គេដឹង​យ៉ាង​ច្បាស់​ថា គេ​ក្តៅឬត្រជាក់ដែលតំរូវ​អោយគេ​ត្រូវ​ការ​អាវ​ស្តើង​ឬក្រាស់..។ អ្នក​ជឿ​ចុះ​ថា​កូន​របស់​អ្នក​គេដឹង​យ៉ាង​ច្បាស់​អំពី​ឯកសណ្ឋាន​នៅ​សាលា។ ធ្វើ​ដូច្នេះ​អ្នក​នឹង​កាត់​បន្ថយភាព​តានតឹង​ និង​បង្កើន​ភាព​ជិតស្និទ្ធ​រវាង​អ្នកនឹង​កូន​។ ​”

ប៉ុន្តែអ្នក​ដទៃ​គិត​ថា​ បើ​ខ្ញុំ​បណ្តោយ​បែប​​នេះ​ហាក់​ដូច​ជា​តាម​ទំនើង​ចិត្ត​កូន​ពេក​ ដែល​ធ្វើអោយ​គេ​លែង​ស្តាប់​ខ្ញុំ និង​មាន​ទំលាប់ធ្វើ​អ្វី​តាម​ទំនើង​ចិត្ត​។ អ្នកស្រី Connie Ozdil ជា​អគ្គនាយកក្រុមហ៊ុន Amisol​ អ្នក​ផលិត​សំលៀក​បំពាក់​ការពារ​កំដៅ​ព្រះ​អាទិត្យ​សំរាប់​កុមារ​ និង​ជា​ម្តាយ​របស់​កូន​ប្រុស២​នាក់ គាត់​ជឿ​ជាក់​ថា វា​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​កំណត់​ព្រំដែន​នៃអត្ថិភាព​របស់​កូន សូម្បី​តែ​ក្នុង​ការ​ស្លៀកពាក់។ គាត់​បន្ត​ទៀត​ថា “ខ្ញុំ​នៅ​ចាំ​បាន​ថា​ កាល​ពី​ជំនាន់​ខ្ញុំ​នៅ​ក្មេង​ៗ ម្តាយ​ខ្ញុំ​មិន​អោយ​ស្លៀកសំពត់​មីនីរឹប​និង​ខើច​ខ្លីឡើយ។ ខ្ញុំ​ប្រហែល​ជា​មិន​ពេញ​ចិត្ត​និង​វិន័យ​នេះ​ឡើយ តែ​ខ្ញុំ​ក៏​មិន​អាច​ជំទាស់​បាន​ដែរ ព្រោះ​នេះ​ជា​វិន័យ​ក្នុង​គ្រួសារ។ សំរាប់​ក្មេង​ៗ​សម័យ​នេះ​ ខ្លះ​មាន​សិទ្ធិ​សេរីភាព​លើសលប់​​ ដែល​អាច​ធ្វើ​អ្វី​បាន​ស្រេច​តែទំនើង​​ចិត្តនិង​ស្គាល់​អ្វីៗ​ច្រើន​ជាង​ពី​មុន​ឆ្ងាយណាស់។​​​ សិទ្ធិ​សេរីភាព​ទាំង​នោះ​អាចរីក​ធំឡើងៗ​រហូត​ដល់​​​ហួស​ព្រំ​ដែនប្រសិន​បើ​មាតាបិតា​មិន​បាន​ដាក់​លក្ខខណ្ឌអោយ​បាន​ច្បាស់​លាស់​ពី​ខាង​ដើម​មក​នោះ។ ពោល​គឺ​ត្រូវ​កំណត់​ច្បាប់​វិន័យ​សំរាប់​​កូនចាប់​​តាំង​ពីគេនៅ​តូច​ មិន​ត្រូវ​ចាំ​ដល់​គេ​ធំឡើយ។

អ្នកស្រី Aricia LaFrance ជាអ្នក​ជំនាញ​ខាង​កែលំអកុមារ​និង​ជា​អ្នក​ផ្តល់​មតិយោបល់ដល់​មាតាបិ​តា បាន​ផ្តល់​វិធី​សាស្ត្រងាយ​មួយ​អំពី​បញ្ហាសំលៀក​បំពាក់​របស់​បុត្រធីតារបស់លោកអ្នកថា “សំរាប់​កូន​អ្នក​ដែល​ចូលចិត្ត​ពាក់​តែ​អាវ​ដៃ​ខ្លី​នៅ​រដូវ​រងារ​ អ្នក​រក​មើល​ថា​តើ​កូន​របស់​ចូល​ចិត្ត​ធ្វើអ្វី​។ បន្ទាប់​មក​អ្នក​នឹង​នាំ​គេ​ទៅ​ ប៉ុន្តែ​អ្នក​ត្រូវ​អោយ​គេ​ជ្រើស​រើស​ ឧទាហរណ៍​ដូច​ជា​និយាយ​ថា “អូ៎នៅខាង​ក្រៅ​ត្រជាក់​ណាស់​ កូន​មិន​អាច​ទៅ​លេងបាន​ទេបើ​មិន​ពាក់​អាវ​រងារ…កូន​ចង់​ពាក់​អាវ​រងារ​ពណ៌​ខៀវ​ឬពណ៌លឿង?”​  “កូន​ចង់​ពាក់អាវ​រងារ​ឬចង់​កាន់វា?” “កូន​ាយ​ទៅ​មើល​អ្នក​ណា​ដែល​មិន​អាច​ទៅ​ជាមួយ​កូន​បាន​បើ​កូន​មិន​ពាក់​អាវ​រងារ?…​”

“អ្នកធ្វើ​បែប​នេះ​​ញឹក​ញយទៅ គេ​នឹងចាប់​ផ្តើម​ចាំ​និង​យល់​អំពី​​​​ការ​ស្លៀកពាក់ត្រឹមត្រូវ​ទៅ​តាម​ពេល​វេលានិង​រដូវកាល។​”

អ្នកស្រី LaFrance បាន​បន្ថែម​ទៀត​ថា ជួន​កាល​ក្មេង​មិន​ចូល​ចិត្ត​សំលៀក​បំពាក់​ណាមួយ​ដោយ​សារ​វា​មាន​បញ្ហា​នៅពេល​ស្លៀក​សំលៀក​បំពាក់​នោះដូចជា វាធ្វើអោយ​ស្កៀប រមាស់ វឹប​ ឬធ្វើអោយ​ស្អុះស្អាប់​ពេក។ អ្នក​អាច​ចោទ​ជា​សំនួរ​សួរ​ទៅ​គេ​ថា ហេតុ​ម្តេចបាន​ជា​កូន​មិន​ចូល​ចិត្ត​ពាក់​អាវ​នេះ? នោះ​អ្នក​នឹង​បាន​ទទួល​ចំលើយ​មិន​ខាន ;)

ប្រភព៖ Yahoo Shine

—————————————————————-

ខ្ញុំ​ក៏​ធ្លាប់​មាន​បទពិសោធ​បែប​នេះ​ជាមួយ​កូន​របស់​ខ្ញុំ​ដែរ។ កាល​ពី​នាង​អាយុ​បាន​២ឆ្នាំ​កន្លះ នាង​ចូល​ចិត្ត​ខោអាវ​នៅ​ផ្ទះ​របស់​នាង​ដែល​មាន​រូប​ខ្លាឃ្មុំណាស់។ ខោអាវ​នោះ នាង​មាន​២​សំរាប់ មួយ​ពណ៌​ខៀវ មួយ​ទៀត​ពណ៌​ផ្កាឈូក។ នាង​ស្លៀកខោអាវ​នៅ​ផ្ទះ​នេះ​ជានិច្ច​រាល់​ពេល​ដែល​នាង​នៅ​​ផ្ទះ រយៈពេល​ប្រហែល​ជា​កន្លះ​ឆ្នាំ​ពេញ។ រហូត​ទាល់​តែ​ខោអាវ​នោះ​ចង្អៀត​ស្លៀក​​លែង​ចូល​ទើប​សុខចិត្ត​ប្តូរស្លៀក​ខោអាវ​ផ្សេង។ សំរាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​យើង​ជា​ឪពុកម្តាយ​គួរ​ប្រកាន់​យក​ជំហរ មិន​តឹងតែង​ពេក​ហើយ​ក៏មិន​គួរ​ធូរ​រលង់​ពេក​ជាមួយ​កូន​ចៅ​របស់​ខ្លួនដែរ។ ចំពោះ​ការ​​ស្លៀកពាក់​​របស់​កូន ប្រសិន​បើ​មិនហួស​ហេតុ​ពេក​ទេ ហើយគេ​មាន​ហេតុផល​ត្រឹមត្រូវ ខ្ញុំ​ពេញ​ចិត្ត​នឹង​សំរប​តាម​។

ដូចជា​ឥឡូវ​កូន​ស្រី​របស់​ខ្ញុំ ​មាន​អាយុ​ជាង​៣​ឆ្នាំ​ហើយ។ នាង​មិន​ចូល​ចិត្តពាក់​ស្រោម​ដៃ​ទេ​នៅរដូវ​រងារ ពេល​ចេញ​ទៅ​ក្រៅដោយ​នាង​ប្រាប់​ថា បើពាក់​ស្រោម​ដៃ​នាង​កាន់ តុក្កតាសំណព្វមិន​ជាប់ ហើយ​នាង​ជំនួសដោយ​ការ​ដាក់​ដៃ​ក្នុង​ហោប៉ៅ​អាវ​រងារ​ជំនួស​វិញ។ ពួក​ខ្ញុំ​ក៏​យល់​ស្រប…។ ចុះអ្នក​វិញ​តើ​មានបទ​ពិសោធ ឬ​យោបល់​អ្វី​អាច​ចែក​រំលែក​បាន​ទេ?

Related Posts