រូបដាលីណាយំ តែមិនមែនមកពីខ្ញុំវាយទេ!
មានដំណោះស្រាយ៥យ៉ាងសំរាប់មាតាបិតាទាំងឡាយដើម្បីចៀសទណ្ឌកម្មវាយកូនកូន។ ការវាយកូនដើម្បីដាក់ទណ្ឌកម្មនៅពេលដែលវាធ្វើខុស គឺដែលជាទណ្ឌកម្មមួយដែលមាតាបិតាភាគច្រើនគិតថាស្រាលជាងគេ តែផ្ទុយទៅវិញអ្នកវិទ្យាសាស្ត្របានរកឃើញថា ការវាយកុមារដោយការខឹងសម្បារនឹងធ្វើអោយកុមារនោះអាប់ប្រាជ្ញានៅពេលដែលវាចូលសាលា។
ហេតុផលដែលមិនគួរវាយកុមារ៖
- ធ្វើអោយកុមារឆេវឆាវ និងចូលចិត្តប្រព្រឹត្តហឹង្សា
- ជាអំពើល្មើសច្បាប់
- ធ្វើអោយកុមារឆាប់ភ័យ (បាក់ស្បាត)
- ធ្វើអោយកុមារអាប់ប្រាជ្ញា
- ធ្វើអោយកុមារចេះភូតកុហក (បើនិយាយត្រង់នឹងត្រូវរំពាត់)
ដូច្នេះតើយើងគួរធ្វើដូចម្តេចដើម្បីចៀសវាងទង្វើនេះ?
១- រំងាប់ចិត្ត
ចូរគិតថា “ខ្ញុំអាចដាក់ទណ្ឌកម្មផ្សេងទៀតក្រៅពីវាយវា! ដូចជាអោយគេទៅអង្គុយកៀនជញ្ជាំង…” ។ Stéphan Valentin ដុកទ័រជំនាញផ្នែកចិត្តសាស្ត្រកុមារបានផ្តល់ដំបូន្មានដល់មាតាបិតាទាំងឡាយថា ត្រូវរាប់ពី១ដល់១០ដើម្បីរំសាយកំហឹង រំងាប់អារម្មណ៍ចំពោះសំលេងស្រែកយំទ្រហឹងអឺងអាប់រឺសកម្មភាពទាំងឡាយរបស់កុមារដែលធ្វើអោយយើងក្តៅក្រហាយ។
២- ដាក់កុមារនៅអោយឆ្ងាយ
មុននឹងធ្វើត្រូវព្រមានកូនយ៉ាងហោចណាស់ក៍១ដងដែរអោយវាឈប់ បើវាមិនស្តាប់ ចំពោះកូនតូចដាក់វានៅកៀនជញ្ជាំងតែម្នាក់ឯង បើកុមារធំត្រូវអោយវានៅក្នុងបន្ទប់ដេកមិនអោយចេញមកក្រៅ។ នេះជាទណ្ឌកម្មមួយដោយមិនអោយកុមារមកជិតឪពុកម្តាយ និងធ្វើអោយវាបានរំងាប់ចិត្តខ្លួនឯងផង។
៣- ធ្វើអោយកុមារកក់ក្តៅ
ករណីកុមារប្រព្រឹត្តកំហុសធ្ងន់ ការទះកំប៉េះគូទវាមិនបានជួយអោយប្រសើរឡើងវិញឡើយ។ គួរតែលើកបី រឺអោបវា ដែលជួនការអាចកែប្រែស្ថានការនេះបាន។
៤- គិតស្ថានការរទុនជាមុន
ភាគច្រើនឪពុកម្តាយដែលវាយកូន ច្រើនតែនៅពេលដែលពួកគាត់ទប់កំហឹងមិនបាន។ ពួកគាត់ច្រើនតែសន្សំកំហុស ភាពច្រឡើសបើសរបស់កូនបន្តិចម្តងៗ រហូតដលពេលមួយទប់ចិត្តលែងបាន ក៏ផ្ទុះចេញមក។ គួរតែព្រមាន ស្តីបន្ទោស រឺដាក់ទណ្ឌកម្មភ្លាមៗដើម្បីកុំអោយស្ថានការបែបនេះកើតឡើងបាន គឺ”ខុសភ្លាមកែភ្លាម”។ តែទោះជាយ៉ាងណាមាតាបិតាគួរមានអធ្យាស្រ័យច្រើន នៅពេលដែលកូននៅក្រោមអាយុ១៨ខែ ហើយចាប់ផ្តើមរិតបន្តឹងបន្តិចម្តងៗនៅពេលដែលកុមារចាប់ផ្តើមយល់ពាក្យថា “ទេ”។
៥- ធ្វើកិច្ចសន្យា
ជារឿយៗមាតាបិតាតែងតែភ្លេចថាកុមារគឺដូចជាយើងអញ្ចឹង៖ ពួកគេក៏ត្រូវការការពន្យល់ ត្រូវការហេតុផល មុននឹងទទួលយកវិន័យរឺច្បាប់រឺបំរាមណាមួយ។ ឧ. ប្រសិនបើគ្មានអ្នកណាប្រាប់គេថា កាលណាមើលតុក្កតាចប់ ត្រូវបិទទូរទស្សន៍ហើយចូលគេង គេប្រាកដជាមិនធ្វើតាមយើងឡើយនៅពេលដែលមើលតុក្កតាចប់អោយគេបិទទូរទស្សន៍ហើយចូលគេងនោះ គេច្បាស់ជាទៅធ្វើអ្វីផ្េសងទៀតជាមិនខាន។ ដូច្នេះមាតាបិតាត្រូវតែប្រាប់កុមារអោយបានច្បាស់លាស់ពីអ្វីដែលគេត្រូវធ្វើ៕
