ដើម្បីដឹងថា អ្នកលើសគីឡូឬអត់ គ្រូពេទ្យផ្អែកលើការសន្និដ្ឋានច្រើនយ៉ាង ក្នុងចំណោមនោះមានការសន្និដ្ឋាន ដោយផ្អែកលើតម្លៃ IMC របស់អ្នក។
គណនា IMC របស់អ្នក
IMC (Indice de Masse Corporelle=Body Mass Index =BMI )របស់អ្នកស្មើនឹងទម្ងន់ ចែកនឹងការេនៃកម្ពស់របស់អ្នក។ ឧទាហរណ៍បើអ្នកមានទម្ងន់ 75kg ហើយមានកម្ពស់ 1,65m នោះ IMC របស់អ្នកស្មើនឹង
តម្លៃចន្លោះ 25 និង 30 ចាត់ទុកថាលើសគីឡូ
បើសន្ទស្សន៍ IMC របស់អ្នកមានតម្លៃរវាង 18,5 និង 25 នោះអ្នកមានទម្ងន់ធម្មតា។ តែបើសន្ទស្សន៍នេះនៅចន្លោះ 25 និង 30 នោះអ្នកត្រូវចាត់ទុកថាលើសគីឡូ។ បើអ្នកមានសន្ទស្សន៍ IMC ក្នុងលំដាប់ពី 25 ទៅ 30 អ្នកត្រូវចាប់ផ្ដើមប្រុងប្រយ័តចំពោះចំណីអាហារ ដោយសម្របខ្លួនចំពោះរបបអាហារថ្មី និងការអនាម័យក្នុងការរស់នៅឱ្យបានល្អជាងមុន។ ជាពិសេសបើអ្នកឡើងគីឡូយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ឬក៏អ្នកកំពុងឋិតក្នុងសភាពដែលប្រឈមនឹងការឡើងគីឡូបំផុត ដូចជា អ្នកទើបបោះបង់ការពិសារបារី, អ្នកឋិតក្នុងស្ថានភាពស្ត្រេស, អ្នកជិតអស់រដូវ ។ល។
ចាប់ពី 30 ឡើងទៅ មានន័យថា ធាត់ជ្រុល (obésité)
នៅពេលដែល IMC របស់អ្នកធំជាងឬស្មើ 30 មានន័យថាអ្នកធាត់ជ្រុល ដែលភាសាបារាំងហៅថា អុបេស៊ីតេ (obésité) ។ អូបេស៊ីតេ ជាការលើសនៃបរិមាណខ្លាញ់ក្នុងជាលិកាខ្លាញ់ (tissu adipeux) ដែលបង្កឱ្យទម្ងន់ខ្លួនមនុស្សធ្ងន់លើសពីធម្មតាយ៉ាងខ្លាំង។
បើសន្ទស្សន៍ IMC របស់អ្នកមានតម្លៃចាប់ពី 35 ឡើងទៅ នោះអ្នកចូលដល់ករណីគ្រោះថ្នាក់ ហើយបើសន្ទស្សន៍នេះខ្ពស់ជាង 40 នោះអ្នកចូលដល់ករណីមានជំងឺ។ បើសន្ទស្សន៍នេះកាន់តែខ្ពស់ នោះការប្រឈមនឹងជំងឺក៏កាន់តែខ្ពស់ដែរ (ទឹកនោមផ្អែម លើសឈាម ជំងឺគាំងបេះដូង …)។ ប៉ុន្តែការគណនានេះក៏មិនប្រាកដប្រជាមួយរយភាគរយដែរ។ ជួនកាលអ្នកខ្លះយើងគណនាឃើញ IMC របស់គាត់មានតម្លៃ 30 តែគាត់មិនមានធាត់លើសគីឡូអ្វីសោះ។ ករណីនេះធ្លាប់កើតមានចំពោះកីឡាករ។ សន្ទស្សន៍នេះក៏មិនអាចយកមកវាយតម្លៃថាមនុស្សម្នាក់មានជំងឺឬអត់បានដែរ។ ដូច្នេះហើយបានជាគ្រូពេទ្យត្រូវពិនិត្យបន្ថែមតាមវិធីរបស់គាត់ផ្សេងទៀត។
វាស់ទំហំចង្កេះនិងត្រគាក
គ្រូពេទ្យវាស់ទំហំបរិមាត្រចង្កេះ ដែលជារង្វាស់ប្រវែងមួយជុំចង្កេះ។ បើរង្វាស់បរិមាត្រនេះលើសពី 88cm សម្រាប់ស្ត្រី និង 102cm សម្រាប់បុរស នោះគេនិយាយថាអ្នកនោះចូលក្នុងករណីអុបេស៊ីតេ។ សព្វថ្ងៃនេះយើងដឹងថា បើក្បាលពោះកាន់តែធំ នោះការប្រឈមនឹងជំងឺក៏កាន់តែខ្លាំង។
អ្នកខ្លះគេវាស់ធៀបទំហំចង្កេះនឹងទំហំត្រគាក។ ត្រូវចាត់ទុកថាធាត់បើផលធៀបនេះធំជាង 1 ចំពោះបុរស និង 0,85 ធំជាង ចំពោះស្ត្រី។

Recent Comments Gravatars