ការអានអោយបានច្រើនគឺជាមូលដ្ឋានគ្រឹះនៃចំណេះដឹង។ ឪពុកម្តាយភាគច្រើនក៏បានយល់ដឹងអំពីអត្ថប្រយោជន៍នៃការអប់រំណែនាំកូនអោយចូលចិត្តអានសៀវភៅពេលនៅផ្ទះដែរ។ ប៉ុន្តែការវិធីសាស្ត្រដែលធ្វើអោយបុត្រធីតាមានចំណង់ចំណូលចិត្តមកអង្គុយហើយដៃកាន់សៀវភៅនិងបើកអានម្តងមួយទំព័រៗនោះ គឺមិនមែនជាការងាយប៉ុន្មានឡើយ។
នៅពេលដែលកូនស្រីរបស់ខ្ញុំនៅតូចនៅឡើយ ខ្ញុំតែងតែព្យាយាមស្រាវជ្រាវសៀវភៅឬអត្ថបទនានាដែលមានបង្ហាញអំពីគន្លឺះសំរាប់មាតាបិតាក្នុងការអប់រំបុត្រធីតារបស់ខ្លួនអោយចូលចិត្តអាន។ ខ្ញុំបានចំណាយពេលច្រើនគួរសមដែរក្នុងការស្វែងរកនេះ ហើយទីបំផុតខ្ញុំក៏បានរកឃើញនិងអនុវត្តជាមួយកូនៗនៅផ្ទះរបស់ខ្ញុំ។ នោះជាវិធីងាយៗនិងមានប្រសិទ្ធភាពបំផុត។
សូមអានវិធីសាស្ត្រទាំង៥ខាងក្រោម ក្នុងការជំរុញបុត្រធីតាអោយចូលចិត្តអាន៖
ទុកសៀវភៅអោយនៅជិតដៃរបស់កូន
នៅពេលដែលកូនស្រីរបស់ខ្ញុំអាន ខ្ញុំតែងតែកត់សំគាល់និងដឹងថានាងចូលចិត្តអានសៀវភៅប្រភេទណា។ ដូច្នេះនៅស្ទើរតែគ្រប់បន្ទប់ទាំងអស់នៅក្នុងផ្ទះ ខ្ញុំដាក់កន្ត្រកមួយដែលនៅក្នុងនោះមានដាក់សុទ្ធតែសៀវភៅដែលកូនខ្ញុំចូលចិត្ត។ ពិតណាស់ កូនខ្ញុំនាងមិនបានអានគ្រប់ពេលដែលនាងចូលក្នុងបន្ទប់ទាំងនោះឡើយ។ ប៉ុន្តែខ្ញុំកត់សំគាល់ឃើញថា យ៉ាងហោចណាស់ក៏រាល់ពេលនាងតែងតែរត់ទៅរកកន្ត្រក់នៅរួចលើកយកសៀវភៅមកកាន់បានបន្តិចដែរ។
ផ្តល់ជាគំរូដល់កូន
ខ្ញុំចូលចិត្តអានកាសែតនិងទស្សនាវត្តីរៀងរាល់ថ្ងៃ ហើយស្វាមីរបស់ខ្ញុំគាត់ក៏អានសៀវភៅដែលទាក់ទងនឹងការងាររបស់គាត់ដែរ ដែលទំលាប់ទាំងនេះធ្វើអោយកូនរបស់យើងបានឃើញរាល់ៗថ្ងៃ។ ការផ្តល់ជាគំរូបែបនេះសំរាប់កូនគឺមានសារៈសំខាន់បំផុត។ កូនរបស់អ្នកនឹងយល់ថាការអាននៅផ្ទះរបស់ឪពុកម្តាយរបស់ពួកគេគឺជាការកំសាន្តផងនិងជាការងារផង។
អានមុនពេលគេង
នៅផ្ទះរបស់ពួកយើង គ្រប់គ្នាតែងអានសៀវភៅមុនពេលគេង។ នៅពេលដែលកូនស្រីរបស់ខ្ញុំនៅតូចមែនទែន ខ្ញុំអានរឿងនិទានអោយនាងស្តាប់មុនពេលនាងគេង ប៉ុន្តែនៅពេលដែលនាងចាប់ផ្តើមចេះអាន នាងក៏អានដោយខ្លួនឯងមុនពេលគេងលក់រៀងរាល់យប់។ វាហាក់ដូចជាក្លាយទៅជាទំលាប់សំរាប់ពួកយើងទៅហើយ។
និយាយឡើងវិញអំពីអ្វីដែលអ្នកបានអាន
នៅពេលដែលខ្ញុំអានអត្ថបទណាមួយដែលល្អ ខ្ញុំតែងតែលើកយកមកនិយាយរៀបរាប់ប្រាប់កូនស្រីរបស់ខ្ញុំជារឿយៗ អំពីអត្ថន័យនិងអំពីទឹកចិត្តរបស់ខ្ញុំដែលពេញចិត្តនឹងអត្ថបទនោះ។ ហើយនាងវិញក៏តែងតែនិយាយរៀបរាប់ប្រាប់ពួកខ្ញុំជាហូរហែរវិញដែរ។ ជួនកាលវាក៏ក្លាយជាប្រធានបទសំរាប់ពួកយើងពិភាក្សាថែមទៀតផង។
នាំកូនទៅបណ្ណាល័យ
ទោះបីជាការទៅបណ្ណាល័យមិនមែនជាសកម្មភាបនៅផ្ទះក៏ដោយ ប៉ុន្តែខ្ញុំគិតថានេះជាវិធីល្អមួយដោយសារតែសៀវភៅដែលនៅទីនោះមានច្រើនសំរាប់អោយយើងជ្រើសរើស ហើយយើងអាចខ្ចីយកមកអាននៅផ្ទះបាន៕
ប្រភព៖ Your Wisdom
