អ្នកគួរដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព​រឺទេពេល​មាន​ផ្ទៃ​ពោះ? ហើយ​តើគួរដាក់​របៀបណា?

តើ​អ្នកពិតជា​ត្រូវការ​ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព​មែន​ទេពេល​មាន​ផ្ទៃ​ពោះ? វា​ធ្វើអោយអ្នក​ធុញថប់ មិន​ស្រួល​ក្នុង​ខ្លួន។ ​វា​កាន់​តែ​ពិបាក​ថែម​ទៀត​នៅ​ពេល​ដែល​ពោះអ្នកកាន់​តែ​ធំ ហើយប្រហែល​ជា​ដាក់​មិន​ជុំផង​ក៏មិន​ដឹង!។ ស្ត្រីមាន​ផ្ទៃ​ពោះ​ភាគ​ច្រើន​គិត​ថា​គឺ​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​នេះ​ឯង​ដែលបង្ក​គ្រោះថ្នាក់​ដល់​​ទារកនៅ​ពេល​មាន​គ្រោះថ្នាក់ចរាចរ។

ប៉ុន្តែ​បើ​​តាម​​​វេជ្ជបណ្ឌិត​ អ្នកស្រាវ​ជ្រាវ និង​អ្នក​ស៊ើប​អង្កេត​ផ្នែក​គ្រោះថ្នាក់ចរាចរ​បាន​មូល​មតិ​គ្នា​ថា វិធី​ដែល​ប្រសើរ​បំផុត​សំរាប់​ស្ត្រីមាន​ផ្ទៃ​ពោះ​គឺ​ដើម្បី​ការ​ពារ​ទារក​នៅក្នុង​ស្បូន​របស់​ខ្លួន​អោយបាន​ល្អ គឺ​គប្បីការពារ​ខ្លួនឯង​អោយ​បាន​ល្អ។ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​នៅ​តាម​ផ្លូវ គឺ​​ត្រូវ​ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពគ្រប់​ពេល បើ​ទោះ​បី​ជា​អ្នក​ធុញថប់​យ៉ាង​ណា​ក៏​ដោយ។

តើ​វា​ពិត​ជា​ធ្វើអោយ​មាន​សុវត្ថិភាព​ប្រាកដមែន​ទេ?

អ្នកស្រាវ​ជ្រាវមួយក្រុមដែលដឹកនាំ​ដោយបណ្ឌិត Stacie Zelman មក​ពី សាកលវិទ្យាល័យ Wake Forest បាន​ធ្វើការ​វិភាគ​លើ​ប្រព័ន្ធ​ទិន្នន័យ​​មួយដែលមាន​គ្រោះថ្នាក់ចរាចរ​២លានករណី​​​ ក្នុងនោះ​គេបានរក​ឃើញ​ថាមាន​ស្ត្រីមាន​ផ្ទៃ​ពោះ​លើស​ពី​២៤០០នាក់​ដែល​មាន​របួស​ក្នុង​គ្រោះថ្នាក់រថយន្ត។ គ្មានអំនះអំនាង​ណាមួយ​ដែល​បង្ហាញ​ថា​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​ទារក​ រឺ​ស្បូន​រឺ​ក៏ទឹកភ្លោះឡើយ ទោះបី​ជា​ខ្សែ​ក្រវ៉ាត់នោះ​រឹតតឹង​ក៏​ដោយ។ ទារក​នៅក្នុង​ផ្ទៃ​ត្រូវ​បាន​ការពារនៅក្នុង​ស្រោមមួយដែល​ពេញ​ដោយវត្ថុរាវ​(ទឹកភ្លោះ) ​​ដែល​នៅក្នុង​ស្បូន…ហើយ​ស្បូន​ត្រូវ​បាន​ការពារ​ដោយ​​ឆ្អឹង​ និង​សាច់ដុំ។

ដូច្នេះ​សរុបសេចក្តីមក​ស្ត្រីមាន​ផ្ទៃ​ពោះ ត្រូវមាន​ការ​ជឿជាក់ក្នុង​ការ​ប្រើខ្សែក្រវ៉ាត់សុវត្ថិភាពដែលអាច​ការពារ​អ្នក​និង​ទារក​ពី​គ្រោះថ្នាក់​នៅ​ពេល​បើកបរ។

Related Posts

Speak Your Mind

*