តើ​អ្នក​ចាប់​ផ្តើមនិយាយ​ពី​​សុជីវធម៌​ជាមួយ​កូន​នៅពេល​ដែលគេមាន​អាយុ​ប៉ុន្មាន​ដែរ?​

កូន​ស្រី​របស់​ខ្ញុំ​នាង​មាន​ស្នាម​ញញឹម​ដែលតែង​តែ​​ធ្វើអោយ​អ្នក​ផង​ទាំង​ពួងគ្រឺត​ខ្នាញ់នឹង​នាង​​។ នៅ​ពេល​ដែល​ខ្ញុំ​នាំ​នាង​ដើរ​លេង​ក្នុង​សួន​ នាង​តែង​តែ​បាយបាយ​ទៅ​រក​អ្នក​ដទៃគ្រប់ៗ​គ្នា​​ដោយ​ទឹក​មុខ​រាក់ទាក់គួរ​អោយ​ស្រលាញ់​។ នៅ​ពេល​ដែល​ខ្ញុំ​ដាក់​នាង​អោយ​អង្គុយ​លេង​នៅ​លើ​ស្មៅ​ នាង​តែង​តែ​រត់​ទៅ​រក​លេង​ជាមួយ​ក្មេង​ដទៃ​ដែល​នៅ​ក្បែរៗ​នោះ​​ (ជាពិសេស​ក្មេងៗ​ដែល​ធំ​ជាង​នាង)​។ ឪពុកម្តាយ​ក្មេង​ៗ​ទាំង​នោះ​ក៏​បានខិត​​មក​អង្គុយ​លេង​ជិត​ពួក​យើង​ហើយ​ក៏​ពន្យល់​ទៅ​កូន​របស់​ខ្លួន​អោយ​លេង​ប្រយ័ត្នប្រយ៉ែង​ជាមួយ​កូន​របស់​ខ្ញុំ​ព្រោះ​នាង​នៅ​តូច​ណាស់ (ទើ​បតែ​អាយុ​១១​ខែ)​។ ប៉ុន្តែពួក​​គេនិយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង​ កូន​របស់​ខ្ញុំ​ចាប់​ផ្តើម​សកម្មភាព​រប៉ិល​រប៉ូច​របស់នាង​ដូចជា​បោច​សក់ លេង​មុខ​ យក​ល្បែងក្មេងៗ​ទាំង​នោះ និង​ព្យាយាម​ទៅ​យក​នំ​ដែល​ពួក​គេ​កំពុង​ញ៉ាំទៀត​ផង។

គិត​ទៅ​មើហ៍​ថា​តើ​ខ្ញុំ​ខ្មាស់​គេ​យ៉ាង​ណា​នៅ​ពេល​ដែល​ចាប់​ដៃ​គេ​ចេញ​ហើយ​សុំទោស​​ក្មេងៗ​ទាំង​នោះ​និង​ឪពុកម្តាយ​របស់​ពួក​គេ ហើយ​ព្យាយាម​និយាយពន្យល់​កូន​របស់​ខ្លួន​យ៉ាង​ទន់​ភ្លន់​ថា​កុំ​អោយ​គេ​ធ្វើ​ដូច្នេះ​ទៀត​ ដែលពេល​នោះ​ដឹង​ស្រាប់​ហើយ​គេច្បាស់​ជា​កំពុង​​ស្រែក​យំ​​យ៉ាង​ខ្លាំង​និង​ចង្អុ​ល​ទៅ​នំរបស់​ក្មេង​ៗ​ទាំង​នោះ។

សំណាង​ដែរ​ដែលឪពុកម្តាយ​និង​ពួក​ក្មេង​ៗ​ទាំង​នោះ​មាន​ការ​គួរ​សម​មក​ពួក​យើង​ដែរ​ដោយ​ពួក​គេ​មិន​ប្រកែប្រកាន់​ឡើយ។ នេះ​ប្រហែល​ជា​ពួក​គេ​ធ្លាប់​ដឹង​ពី​ស្ថាន​ភាព​អស់​ទាំង​នេះ​ដែរ​នៅ​ពេល​ដែល​កូន​របស់​ពួក​គេ​នៅ​តូច​ដូច​ជា​កូន​ខ្ញុំ។ យោង​តាម​អ្នក​ជំនាញ​ ក្មេង​ៗ​ដែល​មាន​អាយុ​ក្រោម​៣​ឆ្នាំគឺ​នៅក្មេង​ពេក​ដែល​មិន​ទាន់​អាច​ចាប់​បាន​និង​យល់​នូវ​អ្វី​ដែល​យើង​ព្យាយាម​ពន្យល់ឡើយ​​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​បន្ទាប់ពី​ឧប្បត្តិហេតុមួយ​​នៅ​បណ្ណាល័យ​នៅ​ថ្ងៃ​បន្ទាប់​មក​បាន​ធ្វើអោយ​ខ្ញុំ​គិត​អំពី​សារៈសំខាន់​នៃ​ភាព​ជា​មាតា​បិតា​ល្អ​និង​ការ​ដាក់​វិន័យ​ចំពោះ​កូន​របស់​ខ្លួន​និង​ខ្លួនឯង​ផង។

នៅ​ពេល​ដែល​ខ្ញុំ​កំ​ពុង​និទាន​រឿង​​អោយ​កូន​ស្តាប់​ក្នុង​បណ្ណា​ល័យ​មួយនៅក្បែរ​ផ្ទះ ខ្ញុំ​បាន​សង្កេត​ឃើញ​ក្មេង​ស្រី​តូច​អាយុ​៩ខែ​ម្នាក់​គួរ​អោយ​​ស្រលាញ់ណាស់ ហើយនាងតូច​នោះ​ចូលចិត្ត​ហុច​ដៃ​របស់ខ្លួន​អោយ​អ្នក​នៅ​ក្បែរនោះ​ថើប ធ្វើដូច​ជា​ព្រះនាង​ម្ចាស់​អីចឹង។ ក្មេង​ស្រី​នោះ​ក៏​បាន​វារ​ទៅ​ជិត​ក្មេង​ប្រុស​ម្នាក់​អាយុ​ប្រហែល៣ឆ្នាំ​ ស្លៀកពាក់ស្អាតបាត​ មុខមាត់​គួរ​អោយ​ស្រលាញ់។ ពេល​ដែល​កូន​តូច​នោះ​ទៅ​ជិត​វា ក្មេង​ប្រុស​នោះ​បាន​ខាំ​ដៃ​កូន​តូច​​នៅ​ពេល​ដែល​វា​ហុច​ដៃ​អោយ​ថើប។ ​កូន​តូច​នោះ​ស្រែក​យំ​យ៉ាង​ខ្លាំង​ តែ​ប្តាយ​របស់​ក្មេង​ប្រុស​នោះ​បែរ​ជា​នៅ​ស្ងៀម​គ្មា​ននិយាយ​អ្វី​មួយ​ម៉ាត់ គ្មាន​សុំ​ទោស​ម្តាយកូន​តូច​នោះ​ឡើយថ្វី​បើ​គេ​សំលឹង​មើល​ក្មេង​ទាំង​២​នោះដោយ​មិន​ដាក់​ភ្នែក។ ម្តាយ​របស់​កូន​តូច​បាន​ស្រែក​គំហក​អោយ​ម្តាយក្មេង​ប្រុស​នោះ​យ៉ាង​ខ្លាំង​នៅ​ចំពោះ​មុខ​គេ​គ្រប់​គ្នា​ ដោយ​និយាយ​ថា​នាង​មិន​គួរ​នាំ​កូន​ដែល​គ្មាន​សីលធម៌​របស់​ខ្លួន​មក​ទី​សាធារណៈឡើយ ហើយ​ម្តាយ​ក្មេង​ប្រុស​នោះ​​ក៏​ស្រែក​ចំទាល​តបមក​វិញ​ដែល​ពេល​នោះ​ទាំង​ខ្ញុំ​ទាំង​អ្នក​ដទៃផ្សេង​ទៀត​បាត់មាត់​ជ្រាបដោយ​ភាព​ស្រឡាំងកាំង។ ខ្ញុំ​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ​ចំពោះ​អកប្បកិរិយា​ម្តាយ​ទាំង​២​នាក់​នោះ ហើយ​អ្នក​ដែល​ស្រែក​ដាក់​គេ​គឺ​មិន​គួរ​ធ្វើ​បែប​នេះ​ទាល់​តែ​សោះ។ តែខ្ញុំ​ក៏​ឆ្ងល់​ដែរ​ថា​ហេតុ​អ្វី​ក៏​នាង​ជា​ម្តាយ​ក្មេង​ប្រុស​នោះ​មិន​សុំ​ទោសម្តាយ​កូន​តូច​នោះ​ហើយក៏​មិន​ស្តី​ប្រដៅ​កូន​របស់​ខ្លួន​ដែរ​។ ហើយ​ម្តាយ​របស់​កូន​តូច​នោះ​ក៏​មិន​គួរ​ធ្វេសប្រហែស​ដែរ​ គួរ​តែ​នៅក្បែរៗ​កូន​ជានិច្ច​ព្រោះ​នាង​ទើប​តែ​អាយុ​៩ខែ​ប៉ុណ្ណោះ!

សំរាប់​អ្នក​វិញ​តើ​អ្នក​គិត​យ៉ាង​ណា​ដែរ? តើ​គួរ​តែ​បង្រៀនកូន​អំពី​សីលធម៌​ សុជីវធម៌​ក្នុង​សង្គមចំពោះ​កូន​ចាប់​ពី​ពេល​ដែល​គេ​មាន​អាយុ​ប៉ុន្មាន​ដែរ?

Related Posts